
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ទូច ណូរ៉ា ប្រធានសមាគមមិត្តអ្នកសារព័ត៌មានដើម្បីសង្គម និង លោក ថាន វុត្ឋា ប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិសលើកិច្ចការងារសម្របសម្រួលអង្គការ /សមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនិងប្រធានសមាគមអ្នកសារព័ត៌មានជាច្រើនរូប។
កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃលើសមិទ្ធផល និងបញ្ហាប្រឈមនានាដែលក្រសួងព័ត៌មានបានជួបប្រទះ និងដោះស្រាយក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២៦។
ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមសារព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌការងារព័ត៌មាន និងការផ្សព្វផ្សាយ ហើយនៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានដាក់ចេញផែនការសម្រាប់ធ្វើកិច្ចការងារក្នុងក្របខណ្ឌជួយដល់បងប្អូនសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មានដើម្បីពង្រឹងគុណភាពសារព័ត៌មានឱ្យបានល្អ អាចដំណើរការផ្សាយទៅមុខទៀត។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការសហការគ្នារវាងក្រសួងព័ត៌មាននិងសមាគមសារព័ត៌មាន គឺជាកត្តាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕