
លី គឹម សាន ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន បានបណ្តែតបណ្តោយ ឬអាចនិយាយបានថាបាន បើកភ្លើងខៀវឱ្យមានការរៀបចំប្រព័ន្ធកៀបសង្កត់មួយយ៉ាងអនាធិបតេយ្យអ្វីដែលជារឿងគួរឱ្យហួសចិត្តបំផុតនោះ គឺការប្រើប្រាស់យន្តការ កម្លាំងស្រមោល ពោលគឺការដាក់ពង្រាយជនស៊ីវិល និងអតីតមន្ត្រីចូលនិវត្តន៍ ឱ្យឈរជើងចាំកាក់ក្បាលឡានដឹក ទំនិញ ដើម្បីប្រមូលលុយដោយគ្មានវិក្កយបត្រ។
ប្រភពដដែលបានទម្លាយទៀតថា យន្តការក្រៅប្រព័ន្ធនេះ ត្រូវបានចាត់ចែងផ្ទាល់ដោយលោក គៀត ស៊ីម៉ុល ដែលជាមន្ត្រីគយរង ដោយបានប្រើប្រាស់បណ្តាញជនស៊ីវិល និងជើងខ្លាំងប្រចាំការ រួមមាន១. លោក អឿន (ជនស៊ីវិល) ២. លោក រ៉ាយ (ជនស៊ីវិល)៣. លោក រ៉ុង (ជនស៊ីវិល)៤. លោក ស៊ុន (អតីតមន្ត្រីចូលនិវត្តន៍) ទោះបីជាទំនិញខ្លះបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវតាមច្បាប់ក៏ដោយ ក៏ក្រុមបណ្តាញទាំងនេះនៅតែបង្ខំកាក់ឡានទារ «ថ្លៃបាយទឹក ឬថ្លៃកាហ្វេ» ក្នុងទំហំទឹកប្រាក់ដែលកំណត់តាមអំពើចិត្ត។
ប្រសិនបើអាជីវករណាហ៊ានតវ៉ា ឬរឹងរូស ពួកគេនឹងប្រើអំណាចកៀបសង្កត់ ឃាត់ឡានបញ្ជូនទៅថ្នាក់លើ ដើម្បីអនុវត្តការផាកពិន័យដោយកម្រិតទម្ងន់ទ្វេដង។
ភាពមិនប្រក្រតីក្នុងស្ថាប័ននគរបាលអន្តរប្រវេសន៍ក្រៅពីស្ថាប័នគយ ស្ថាប័ននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារនេះ ក៏កំពុងរងនូវព្យុះនៃការរិះគន់យ៉ាងចាស់ដៃផងដែរ។ លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារភ្នំដិន ត្រូវបានគេរាយការណ៍ថា ជាអ្នកសម្របសម្រួល និងបើកផ្លូវយ៉ាងរលូនដល់មេឈ្មួញធំៗ។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត លោក ជ្រិន ឆាយ ដែលជានាយរងប៉ុស្តិ៍ ត្រូវបានមហាជនរិះគន់ចំៗថា បានយកតួនាទីរដ្ឋមកបិទបាំងមុខជំនួញទុច្ចរិតផ្ទាល់ខ្លួន ដោយលោកបានបើកឃ្លាំងស្តុកទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហើយក្លាយជាមេឈ្មួញធំនាំទំនិញពីវៀតណាមចូលកម្ពុជាដោយខ្លួនឯង។ ការយកតួនាទីរដ្ឋទៅពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ បែបនេះ បានធ្វើឱ្យសមត្ថកិច្ចស្ថាប័នផ្សេងទៀត មិនហ៊ានចូលក្បែរ ឬធ្វើការត្រួតពិនិត្យឡើយ៕
