កំពង់ឆ្នាំង ÷ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ បទល្មើសដាក់របាំងស្បៃមុងជាច្រើនប្រភេទនិងមងក្រឡាញឹក និងដឹកជញ្ជូនកូនត្រីយកទៅលក់ជារៀងរាល់ថ្ងៃយ៉ាងអាណាធិបតេយ្យ ដែលស្ថិតនៅឃុំសំរោងសែន ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង បទល្មើសដាក់របាំងស្បៃមុង និងដឹកជញ្ជូនកូនត្រីយកទៅលក់ នារដូវបិទនេសាទនៅចំណុចខាងលើនេះមានការកើតឡើងជាច្រើនខែមកហើយ ចាប់តាំងពីរដូវបិទនេសាទមកម្ល៉េះ ចំណែកមន្ត្រីអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ហាក់បីដូចជាមិនទាន់មានវិធានការទប់ស្កាត់អើពើធ្វើការបង្ក្រាបឡើយ។
ជាក់ស្តែង÷ថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង ៦:00នាទីព្រឹក ក្រុមការងារសារព័ត៌មានយើងបានចុះទៅដល់ចំណុច បឹងតាកូដ ក្នុងភូមិសាស្ត្រភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាក់ស្ដែងបានប្រទះឃើញទូកដឹកជញ្ជូនកូនត្រីជាច្រើនគ្រឿង បានបើករត់យ៉ាងប្រសេកប្រសាចពេញផ្ទៃទឹក ពេលឃើញក្រុមការងារអ្នកសារព័ត៌មានចុះទៅដល់ ចំណែកមួយទូកទៀតបានឈប់ ដូច្នេះក្រុមការងារព័ត៌មានបានសុំការអនុញ្ញាតដើម្បីសួរនាំពីការដាក់របាំងស្បៃមុង និងការធ្វើចរាចរណ៍ដឹកជញ្ជូនកូនត្រីយកទៅលក់ជារៀងរាល់ថ្ងៃ អ្នកបើកទូកដឹកកូនត្រី បានប្រាប់ក្រុមការងារយើងឲ្យដឹងថា ការដាក់ស្បៃមុងនិងដឹកជញ្ជូនជារៀងរាល់ថ្ងៃដើម្បីយកទៅលក់នេះ ពួកគាត់បានធ្វើជាច្រើនខែមកហើយចាប់តាំងពីរដូវបិទនេសាទមកម្ល៉េះ ហើយការដាក់នឹងដឹកជញ្ជូននេះ ក៏មិនដែលមានមន្ត្រីជំនាញពាក់ព័ន្ធណា ចុះមកធ្វើការណែនាំអប់រំឬធ្វើការបង្ក្រាបឡើយ។
អ្នកបើកទូកដឹកជញ្ជូនកូនត្រីបានប្រាប់បន្តទៀតថាគាត់ឈ្មោះ ម៉ាន់ រស់នៅភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំណែកឪពុកឈ្មោះ ធា ចំណែកម្នាក់ទៀតឈ្មោះ សម្ផស្ស ត្រូវជាក្មួយ ចំណែកការដាក់របាំងស្បៃមុងវិញដាក់នៅចំណុចគោលដៅផ្សេងៗគ្នា មានច្រើនក្រុម សរុបភាគច្រើនគឺក្នុងភូមិសាស្ត្រ ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងខ្លះទៀតដាក់នៅចំណុច ទ្រាកក់ ចំណែកការដឹកជញ្ជូនយកមកលក់ជារៀងរាល់ថ្ងៃ គឺមានច្រើនក្រុម សម្រុកដឹកជញ្ជូនយក មកលក់អោយឈ្មោះ ហៃ ជាឈ្មួញទិញត្រីដ៏ធំម្នាក់ ឬហៅថាលោកថៅកែត្រី ដែលឈរជើងចាំប្រមូលទិញត្រីដែលដាក់របាំងស្បៃមុង ជាច្រើនប្រភេទនិងក្រឡាញឹក ។
ការដាក់ស្បៃមុងក្រឡាញឹកជាបទល្មើសហាមឃាត់មិនឱ្យប្រើប្រាស់ជាដាច់ខាត តាមច្បាប់ស្ដីពីជលផល នៃព្រះរាជាណាចក្រកម្ពុជា ព្រោះវាបំផ្លាញពូជត្រី កូនត្រីតូចៗមិនឱ្យធំធាត់ បំផ្លាញមេពូជអំឡុងពេលពងកូន និងវារីសត្វទាំងស្រុង ដោយមិនទុកចន្លោះ ចាប់ត្រីតូចៗ ក្រឡាមុងស្បៃតូចពេកធ្វើឱ្យត្រីម្លប់ ឬកូនត្រីតូចៗមិនអាចគេចផុត បំផ្លាញត្រីនាអនាគត ធ្វើឲ្យហិនហោចបាត់បង់ប្រភេទត្រីកម្រ និងធ្លាក់ចុះទិន្នផលត្រីធម្មជាតិ បាត់បង់ចំណូលប្រជានេសាទស្របច្បាប់ រលាយហិនហោចធនធានមច្ឆាជាតិ វារីសត្វ និងបាត់បង់តុល្យភាពធម្មជាតិ អាជ្ញាធរហាមឃាត់ទាំងក្នុងរដូវបិទនិងរដូវបើកនេសាទ។
ចំណែកប្រជានេសាទ ដែលរកស៊ីប្រកបរបរ ដាក់ម៉ង ដាក់លាន់អន្ទង់ និងចងសន្ទូច និងរបនេសាទផ្សេងៗទៀតដែលស្របច្បាប់ លក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត បានត្អូញត្អែរនឹងរៀបរាប់ប្រាប់ក្រុមការងារព័ត៌មានយើងឱ្យដឹងថារាល់ថ្ងៃពិបាកនឹងរកចំណូលណាស់ដាក់ម៉ង ខ្លះដាក់លាន់អន្ទង់ និងចងសន្ទូច និងរបរនេសាទផ្សេងៗទៀតលក្ខណៈគ្រួសារ មិនសូវជាបានផលទេ បានត្រីតិចតួច យកទៅលក់ដើម្បីដោះស្រាយ ជីវភាពប្រចាំថ្ងៃ នោះដោយសារមានក្រុមដាក់របាំងស្បៃមុងជាច្រើនប្រភេទ មានតូចមានធំមានទាំងក្រឡាញឹក ក្នុងមួយថ្ងៃៗស្ទាក់ចាប់ត្រីរាប់សិនតោន ដឹកជញ្ជូនយកទៅលក់ជារៀងរាល់ថ្ងៃ ជួនកាលបើកកាត់ទាក់ម៉ង ទាក់សន្ទូចគាត់ខ្ទេចខ្ទីអស់ថែមទៀត ដោយសារពួកក្រុមបំផ្លាញធនធានមច្ឆាជាតិ។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពកំពុងសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងគោរពស្នើសុំទៅដល់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ មេត្តាចាត់តាំងមន្ត្រីជំនាញក្រោមឱវាទ ប្រើកណ្ដាប់ដៃដែក ធ្វើការទប់ស្កាត់បង្ក្រាប នឹងប្រើវិធានការផ្លូវច្បាប់ ទៅលើអ្នកប្រព្រឹត្តបទល្មើសនេសាទ និងអ្នកប្រមូលទទួលទិញបទល្មើសនេសាទខុសច្បាប់ផងទាន.! បើមិនដូច្នោះទេសម្បត្តិធនធានមច្ឆាជាតិ ក្នុងផ្ទៃបឹងទន្លេសាបនិងរលាយហិនហោចអស់ជាពុំខានឡើយ។បឋម
