
ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុករមាសហែកខេត្តស្វាយរៀង បានឲ្យដឹងថាសព្វថ្ងៃនេះគេសង្កេតឃើញថាមានក្រុមឈ្មួញជាច្រើនសម្រុកដឹកជញ្ជូនសត្វគោតាម រថយន្ត និង រ៉ឺម៉ក ឆ្លងដែន ទៅប្រទេសវៀតណាម ព្រមទាំង ទំនិញផ្សេងៗ ចេញវៀតណាមចូលខ្មែរ យ៉ាងពេញបន្ទុក បានយ៉ាងដោយរលូន មិនទាក់ភ្នែកមន្ត្រីជំនាញពាក់ព័ន្ធណាឡើយ។
ជាក់ស្តែងក្រុមឈ្មួញអ្នករកស៊ី ដឹកគោក្របី ហែលឆ្លងទឹកយកទៅលក់នៅប្រទេសវៀតណាមយ៉ាងសុខស្រួលបំផុត ក្រោមការគ្រប់គ្រង របស់នាយប៉ុស្តិ៍ច្រករបៀងតំបន់ព្រំដែនខ្សែដែក ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង មិនទាន់មានសមត្ថកិច្ចជំនាញទប់ស្កាត់នោះទេ គិតតែផលប្រយោជន៍។
មន្ត្រីពាក់ពន្ធ័បានបញ្ជាក់ឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានក្រុមឈ្មួញដឹកសត្វគោតាមរ៉ឺម៉កជាច្រើនគ្រឿងយកទៅលក់ឱ្យឈ្មួញក្រុមវៀតណាម មិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចុះធ្វើការណែនាំនិងបង្ក្រាបនោះទេពោលគឺនាំគោហែលឆ្លងទឹកចេញទៅប្រទេសវៀតណាមដោយសេរី ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅច្រក របៀងតំបន់ព្រំដែនខ្សែដែក រក្សាភាពស្ងៀមស្ងាត់ ទុកឲ្យពួកឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត។
ប្រជាពលរដ្ឋ ក៏ដូចជាក្រុមឈ្មួញ បានលើកឡើងថាពួកគាត់មិនដឹងថាការនាំសត្វគោចេញឆ្លងដែនទៅប្រទេសវៀតណាម ហែលតាមទឹកបែបនេះស្របច្បាប់ឬមិនស្របច្បាប់យ៉ាងណានោះទេ? ចំណែកក្រុមឈ្មួញដែលបានដឹកសត្វគោឆ្លងហែលទឹកឆ្លងដែនទៅប្រទេសវៀតណាមនេះ បានធ្វើសកម្មភាពយូរឆ្នាំមកហើយ ពួកគាត់មិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ច ណាមកត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ។
រីឯលោកមេប៉ុស្តិ៍ប្រចាំច្រកទ្វារតំបន់ព្រំដែនខ្សែដែក និងសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ មិនទាន់ចាត់វិធានការទប់ស្កាត់ពួកឈ្មួញដឹកសត្វគោហែលឆ្លងទឹក ឆ្លងដែនចេញទៅប្រទេសវៀតណាម បានយ៉ាងរលូនមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ៕
